Pages

៥ វិធី​បញ្ចុះបញ្ចូល​ឪពុក​ម្ដាយ ឲ្យ​ព្រម​ទទួល​យក​មិត្ត​ប្រុស​ធ្វើ​ជា​កូន​ប្រសា

ឧបសគ្គ​ស្នេហា​ដ៏​ធំ​របស់​យុវវ័យ គឺ​ការ​ជំទាស់​ពី​អ្នក​មាន​គុណ​តែ​ម្ដង។ បើ​កំពុង​តែ​ជួប​បញ្ហា​នេះ គួរ​បញ្ចុះបញ្ចូល​​ឪពុក​ម្ដាយ​ទទួល​យក​មិត្ត​ប្រុស​ធ្វើ​ជា​កូន​ប្រសា តាម​វិធី​ទាំង ៥ ខាងក្រោម៖  
១.បង្ហាញ​ពី​សមត្ថភាព​មិត្ត​ប្រុស
មិនមែន​អ្នក​មាន​គុណ​​ប្រកាន់​ពី​វណ្ណៈ​នោះ​ទេ តែ​មកពី​ពួកគាត់​ខ្លាច​មិត្ត​ប្រុស​យើង​ជា​មនុស្ស​គ្មាន​ការងារ​ច្បាស់លាស់ ឬ​សមត្ថភាព​អ្វី​ដែល​អាច​មើលថែ​កូន​ស្រី​គាត់​បាន។ ដូចនេះ​គួរ​តែ​ច្បាស់​ក្នុង​ចិត្ត​ខ្លួនឯង និង​យក​ទៅ​អះអាង​មុខ​ឪពុក​ម្ដាយ​ថា សង្សារ​មាន​ការងារ​ដ៏​ល្អ​ត្រឹមត្រូវ​ទាំង​បច្ចុប្បន្ន និង​ទៅ​អនាគត​ដែល​អាច​ចិញ្ចឹម​យើង​បាន។ តែ​បើ​មិត្ត​ប្រុស​គ្មាន​ការងារ​អ្វី​ច្បាស់លាស់​ទេ ពិត​ណាស់​ពួកគាត់​ពិតជា​ជំទាស់។  
២.ចំណុច​ពិសេស​ដែល​មិត្ត​ប្រុស​មាន
ពិតជា​ពិបាក​ណាស់​ក្នុង​ការ​អង្វរករ​ឲ្យ​ម្ដាយ​ឪពុក​ព្រម​បើក​ចិត្ត​ទទួល​យក​បុរស​ម្នាក់ ដែល​ពួកគាត់​មិន​ស្គាល់​មក​ធ្វើ​ជា​កូន​ប្រសា។ មូលហេតុ​ចម្បង ព្រោះ​តែ​ចាស់​ៗ​មិន​ដឹង​មិន​ស្គាល់​ពី​សង្សារ​យើង​ថា​ជា​មនុស្ស​បែប​ណា​កាច ស្លូត មាន​ប្រពន្ធ​កូន​រួច​ហើយ ឬ​នៅ….។ តែ​បើ​យើង​ព្យាយាម​ជំរុញ​ឲ្យ​មិត្ត​ប្រុស​ទៅ​ស្និទ្ធ​នឹង​គ្រួសារ ដោយ​អាច​ជួយ​ធ្វើកិច្ចការ​ខ្លះ​ៗ នោះ​ពួកគាត់​នឹង​អាច​សង្កេត​ឃើញ​ថា​គេជា​មនុស្ស​បែប​ណា បើ​ជា​សុភាព​បុរស​ពិត​ៗ ដែល​ចេះ​ដឹង​ចាស់​ទុំ និង​អាច​ពឹកពាក់​បាន​គាត់​នឹង​ព្រម​ទទួល​យក​ដោយ​ឯង​ៗ។  
៣.ឲ្យ​សង្សារ​បង្ហាញ​ភាព​ក្លាហាន​នៅ​ចំពោះ​មុខ​ចាស់​ទុំ
បើ​មិត្ត​ប្រុស​ពិតជា​មាន​រៀបការ គួរតែ​ប្រាប់​គេ​ឲ្យ​ទៅ​សុំ​ឪពុក​ម្ដាយ​យើង​រៀបការ​ដោយ​ផ្ទាល់​មាត់ ឬ​ក៏​ឲ្យ​ចាស់​ទុំ​ចូល​ទៅ​និយាយ​សួរនាំ​តែម្ដង។ ពេល​ចាស់ទុំ​ស្គាល់​គ្នា បាន​ន័យ​ថា​ជា​ការ​ផ្ដល់​កិត្តិយស និង​មុខមាត់​ដល់​ខាង​ស្រី បូក​រួម​ទាំង​បាន​ស្គាល់​អត្តចរិត​កូន​កំលោះ​ខ្លះ​​ៗហើយ ចាស់​ៗ​គាត់​មិន​រារាំង​ទៀត​ឡើយ។  
៤.បែបផែន​គ្រួសារ​ខាង​ប្រុស
ចាស់​ៗ​ច្រើន​តែ​គិត​ថា ទោះ​ខាង​ប្រុស​មិន​សូវ​ធូរធារ​ឲ្យតែ​មាន​របៀបរៀបរយ និង​ស្រលាញ់​កូន​ស្រី​ នោះ​ពួកគាត់​មិន​ទំនាស់​ឡើយ។ តែ​បើ​ឋានៈ​គ្រួសារ​ខាង​ប្រុស​ខ្ពស់​ជាង​ខាង​ស្រី ហើយ​បែរ​ជា​បញ្ចេញ​អាកប្បកិរិយា​មិន​ឲ្យ​តម្លៃ​ខាង​ស្រី នោះ​ដាច់ខាត​ពួកគាត់​នឹង​រារាំង​ស្នេហា​ដល់​ទី​បំផុត ព្រោះ​ម្ដាយ​ឪពុក​ខ្លាច​ថា ក្រោយ​រៀបការ​រួច​គ្រួសារ​គេ​ធ្វើបាប​កូន​ស្រី​គាត់។ ដំណោះស្រាយ​ គួរតែ​ប្រាប់​គាត់​ថា​​ពេល​រៀបការ​រួច អ្នក​ទាំងពីរ​គឺ​ចេញ​ទៅ​រស់​នៅ​កន្លែង​ផ្សេង​ដោយ​មិនមែន​ជា​ផ្ទះ​ខាងណា​ឡើយ។  
៥.កុំ​រំអុក​ខ្លាំង
កាលណា​យើង​កាន់តែ​រំអុក​ខ្លាំង​ពី​រឿង​មិត្ត​ប្រុស នោះ​អ្នក​មាន​គុណ​រឹតតែ​មិន​ពេញ​ចិត្ត ហើយ​ព្យាយាម​ជំទាស់​ឲ្យ​ដល់​ទី​បំផុត​ដែរ ព្រោះ​ឃើញ​យើង​យក​ចិត្ត​ទុក​ដាក់​នឹង​រឿង​នេះ​ពេក។ យក​ល្អ​គួរតែ​កុំ​ទៅ​រំខាន ឬ​អុកឡុក​ខ្លាំង​ដោយ​ការ​គំរាមកំហែង​ពួកគាត់​ដោយ​ប្រការ​ណា​មួយ​អី គ្រាន់តែ​បញ្ជាក់​ពី​ជំហរ​ច្បាស់លាស់​មិន​កែប្រែ ហើយ​ធ្វើ​ខ្លួន​ឲ្យ​ស្ងៀមស្ងាត់​ទើប​ជា​ការ​ល្អ៕
ប្រភពអត្ថបទ៖ Kanha

Unknown

Phasellus facilisis convallis metus, ut imperdiet augue auctor nec. Duis at velit id augue lobortis porta. Sed varius, enim accumsan aliquam tincidunt, tortor urna vulputate quam, eget finibus urna est in augue.

No comments:

Post a Comment